ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការលើកឡើងរបស់ អាមេរិកនៅក្នុងកិច្ចសន្ទនាអន្តរកម្មមួយជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគ្រាន់តែជាសំដីលួងលោម ឱ្យកូនជឹងរបស់ខ្លួន អស់ចិត្ត តែមិនអាចធ្វើអ្វីមកលើ រាជរដ្ឋាភិបាល កម្ពុជា បាន៕
ការលើកឡើងរបស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល បានចុះផ្សាយថា ៖ «អាមេរិកប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ថា កម្ពុជារឹតត្បិតសិទ្ធិនយោបាយ សហរដ្ឋអាមេរិក ព្រួយបារម្ភពីការរិតត្បិតនានាប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជាមិនឱ្យគណបក្សនយោបាយ និងថ្នាក់ដឹកនាំគណបក្សប្រឆាំងចូលរួម នៅក្នុងការបោះឆ្នោតជាតិខែកក្កដានេះ។ ជាថ្មីម្តងទៀតប្រទេសនេះ អំពាវនាវឱ្យកម្ពុជាធានាឱ្យបាននូវដំណើរការ នៃ ការបោះឆ្នោតមួយប្រកបដោយភាពសេរីនិងយុត្តិធម៌»។
តាមរយៈគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះគ្រាន់តែជាសំដីលួងលោម ឱ្យកូនជឹងអស់ចិត្ត តែមិនអាចធ្វើអីមកលើ រាជរដ្ឋាភិបាលបាន»។
លោកបន្ថែមថា អាមេរិកមិនមែនជាចៅហ្វាយនាយ ហើយក៏មិនអាចធ្វើអនុត្តរភាព លើរាជរដ្ឋាភិបាលកម្ពុជា បានឡើយ។ ជា ភូមិសាស្ត្រនយោបាយអាមេរិក គួរមើលចិនសិន។
លោក គួសបញ្ជាក់ថា«BRI នឹងមិនឈរអោបដៃឱ្យ Indo-pacific វាយលើសម្ព័ន្ធមិត្ត របស់ខ្លួនបានឡើយ» ៕