នយោបាយ

លោកស្រី ពោធិតី សាវត្ថី មេបក្សធម្មាធិបតេយ្យ នឹងលុបបំបាត់ អំពើពុករលួយ ឲ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ តាមរយៈកិច្ចសម្ភាសន៍ ពិសេស របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ជាមួយគណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ជាមេបក្សនឹងចូលរួមលុបបំបាត់ អំពើពុករលួយ នៅក្នុងសង្គមជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលជាប់ឆ្នោត ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងឈានចូលមកដល់ នាថ្ងៃ២៣ កក្កដាខាងមុខនេះ ។

ក្នុងគោលនយោបាយ ដាក់ចេញដើម្បីទាក់ទាញសំឡេងឆ្នោត ពីពលរដ្ឋទាំង៨ចំណុច គឺចំណុចទី២ លុបបំបាត់អំពើពុករលួយ លោកស្រីបានកំណត់ថា នៅពេលជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាល ឬត្រឹមទទួលបានអសនៈក្នុងសភា នឹងចូលរួមបំបាតអំពើពុករលួយ ដែលមានក្នុងសង្គម ប៉ុន្តែលោកស្រីថា មុនលុបបំបាត់អំពើពុករលួយក្នុងសង្គមទាំងមូល ត្រូវផ្តើមចេញពីខ្លួនឯង ជាមុនសិន តាមរយៈការមិនយកថវិកា ពីតំណាងរាស្រ្តបក្សជាថ្នូរ នឹងការបានតំណែងនេះ គឺពួកគាត់ចូលដោយសមត្ថភាព និងការតស៊ូជាមួយបក្ស ។

លោកស្រីថា “យើងអត់ទទួលលុយពីសមាជិកទេ នេះគឺជាការបំបាត់អំពើពុករលួយខ្លួនឯងសិន” ។

ការលើកឡើង របស់លោកស្រីបែបនេះ ដោយសារលោកស្រី បានទទួលព័ត៌មានច្បាស់ការពីគណបក្សមួយចំនួនថា មានមេបក្សខ្លះ បានទទួលថវិកាជាបណ្តើរៗ ពីសមាជិកខ្លួនក្នុងការបានទទួល តំណែងជាតំណាងរាស្រ្ត ។

លោកស្រី ពោធិតី សាវត្ថី ជាប្រធានគណបក្សធម្មាធិបតេយ្យ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង ដណ្តើមសន្លឹកឆ្នោត២អាណត្តិហើយ ។ អាណត្តិទី៦ ទោះមិនបានសំឡេងគាំទ្រ ច្រើនដូចការរំពឹងទុកក៏លោកស្រី មិនអន់ចិត្តអ្វីដែរ ព្រោះពេលនោះលោកស្រី ទើបមកពីក្រៅប្រទេស ដែលពលរដ្ឋក្នុងស្រុកមិនសូវស្គាល់ ប៉ុន្តែសម្រាប់អាណត្តិទី៧នេះ លោកស្រីបង្ហាញក្តីជឿជាក់ថា នឹងទទួលបានអសនៈក្នុងរដ្ឋសភា ៕

To Top