ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ប្លង់កម្មសិទ្ធិ ជូនពលរដ្ឋជាង២០០គ្រួសារ ក្នុងសង្កាត់ទួលសង្កែទី២

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ជាង២០០គ្រួសារ នៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ក្រោយពីអាជ្ញាធរ បានធ្វើការដោះស្រាយវិវាទ រហូតជោគជ័យ និងឈានដល់ការធ្វើប្លង់ កម្មសិទ្ធិស្របច្បាប់រួចរាល់។

រូបភាពដើមអម្ពិល

ពិធីប្រគល់ ទទួល វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅទីស្នាក់ការ រដ្ឋបាលសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

រូបភាពដើមអម្ពិល

ក្នុងឱកាសនោះលោក ឯក ឃុនដឿន បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ហើយតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ បានធ្វើការដោះស្រាយវិវាទដីធ្លីនេះ ជាបន្តបន្ទាប់ រហូតឈានដល់ការធ្វើប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ ជូនពួកគាត់។ ជាក់ស្ដែង នៅពេលនេះយើងបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែទី២ ចំនួន២០៦គ្រួសារ។

ជាមួយគ្នានោះ លោក សារិន វណ្ណា បានឲ្យដឹងដែរថា ដីខាងលើនេះ ត្រូវបានរដ្ឋលក់ឲ្យមន្ត្រីរាជការក្រុងភ្នំពេញ ១ឡូត៍ ទំហំ២០គុណនិង៣០ម៉ែត្រ ក្នុងតម្លៃ២៥ម៉ឺនរៀល តាំងពីទសវត្សរ៍ទី៩០មក។ ក្នុងឆ្នាំ២០០០ ក៏បានកើតឡើងជាវិវាទដីធ្លី ហើយត្រូវបានអាជ្ញាធរ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលនិងដោះស្រាយជាមួយប្រជាពលរដ្ឋ ជាបន្តបន្ទាប់ រហូតឈានដល់ការបញ្ចប់វិវាទទាំងស្រុង និងបានផ្ដល់កម្មសិទ្ធិស្របច្បាប់ ទាំង២០៦គ្រួសារ នៅពេលនេះ ។ បងប្អូន អាចយកប័ណ្ណកម្មសិទ្ធិនេះ ទៅប្រើប្រាស់បាន គ្រប់បែបយ៉ាង ទាំងលក់ទាំងបញ្ចាំ និងការធ្វើអ្វីផ្សេងៗទៀត ដើម្បីបង្កើននូវជីវភាព រស់នៅរបស់បងប្អូន ៕

To Top