ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះស្តារនិងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ដើម្បីកាត់បន្ថយ ឲ្យបាននូវភាពលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង ។
ក្នុងប្រតិបត្តិការនេះ លោក សៅ សារុំ សមាជិកក្រុមប្រឹក្សា សង្កាត់បឹងទំពុនទី១ និងលោកទឹម ម៉ន មេភូមិសន្សំកុសលទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានឲ្យដឹងថា ប្រព័ន្ធលូនៅតាមបណ្តោយផ្លូវបេតុង លេខ៣១BT, ១២BT, ១៦BTក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ទឹកមិនអាចហូរ នោះទេ ពោលនៅពេលភ្លៀងម្តងៗ តែងតែលិចលង់ ។ ជាក់ស្តែងនាប៉ន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង បណ្តាលឲ្យតំបន់បឹងទំពុននេះ ទទួលរងការលិចលង់យ៉ាងខ្លាំង ។ តែដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពបូមទឹកចេញភ្លាមៗ រហូតស្រកអស់ពីក្នុងមូលដ្ឋាន ។
ប្រភពបានឲ្យដឹងទៀតថា សម្រាប់ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុង លេខ៣១BT, ១២BT, ១៦BTក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១នេះ បើទោះបីទឹកហូរអស់ពីផ្លូវ និងពីក្នុងផ្ទះក្តី ក៏បណ្តាញលូខាងលើនៅស្ទះដែរ ។ ដោយមើលឃើញ ពីបញ្ហាប្រឈមនេះ រដ្ឋបាលខណ្ឌមានជ័យ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង បានសហការជាមួយមន្ទីរសាធារណការភ្នំពេញ ស្តារនិងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ និងក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១និងទី២ តែម្តង ។
លោក សៅ សារុំ បានបញ្ជាក់ថា ប្រព័ន្ធលូនៅតាមបណ្តោយផ្លូវបេតុង លេខ៣១BT, ១២BT, ១៦BT មានតួនាទីយ៉ាងសំខាន់ ក្នុងការនាំទឹកទៅប្រឡាយ បឹងទំពុន មុននឹងហូរទៅដល់ស្ថានីយបូមទឹកបឹងទំពុន បើប្រពន្ធ័លូទាំងនេះស្ទះហើយ ពិតណាស់នៅពេលមានភ្លៀងធ្លាក់ម្តងៗ តំបន់នេះត្រូវជនលិច ។ដូច្នេះហើយទើបអាជ្ញាធរ រាជធានីភ្នំពេញ ណែនាំឲ្យយអាជ្ញាធរនិងមន្ទីរ ជំនាញស្តារ និងបូមលូទាំងនេះតែម្តង សំដៅធ្វើយ៉ាងណាដោះស្រាយ ការលិចលង់ផ្លូវ និងផ្ទះប្រជាពលរដ្ឋ ៕