កំពង់ចាម ៖ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ផ្លូវ ១ខ្សែ មានប្រវែង២៧ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន ៣ ស្ថិតក្នុងស្រុកកងមាស ស្ថាបនាបាន ៦៥ % ហើយ និងអាចស្ថាបនាបញ្ចប់ នៅចុងឆ្នាំ ២០២៣ ខាងមុខនេះ ។
មន្ត្រីរូបនោះបានឲ្យដឹង នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ ខណៈដែល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ ស្ថិតនៅក្នុងឃុំរាយប៉ាយ ឃុំព្រែកកុយ និងឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមមន្ត្រីរដ្ឋបាលខេត្ត បានឲ្យដឹងទៀតថា ផ្លូវប្រវែង ២៧ គីឡូម៉ែត្រ ស្ថាបនាចាប់ពីឃុំរាយប៉ាយ ដល់ ឃុំព្រែកកុយ និងឃុំស្ដៅ ក្នុងស្រុកកងមាស ដោយផ្លូវមួយខ្សែនេះ ស្ថាបនាជាផ្លូវបេតុងអាមេប្រវែង ជិត ៩ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូជាង ១៨ គីឡូម៉ែត្រ ។ បច្ចុប្បន្នផ្លូវមួយខ្សែនេះស្ថាបនាបាន ៦៥ % ហើយ និងអាចស្ថាបនារួចរាល់ជាស្ថាពរនៅចុងឆ្នាំ ២០២៣ នេះ ដោយប្រើប្រាស់ថវិកាឥណទានធនាគារពិភពលោក បដិភាគជាមួយថវិការដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។
មន្ត្រីដដែល បានបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនោះ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយរបស់ស្រុកកងមាស ដែលអាចនិយាយបានថា ផ្លូវនោះជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅមានភាពប្រសើរឡើង ទាំងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលទៅរកទីផ្សារ និងការប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ៕



