ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គ.ជ.ប មានវិធានការគ្រប់គ្រាន់ ចំពោះជនណាឃោសនាមិនពិត អំពីទឹកខ្មៅជ្រលក់ដៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាក់ថា «សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣នេះ គ.ជ.ប មានវិធានការគ្រប់គ្រាន់ ចំពោះជនដែលឃោសនាមិនពិតអំពីទឹកខ្មៅជ្រលក់ដៃនេះ។ វិធានការបង្ការមិនឱ្យបោះឆ្នោតលើសពីមួយដង មិនមែនមានតែការប្រើទឹកខ្មៅលុបមិនជ្រះប៉ុណ្ណោះទេ គ.ជ.ប មានវិធានការជាច្រើនទៀត»។

គ.ជ.ប បន្ដថា វិធានការជាច្រើនទៀតនោះ រួមមាន ការតម្រូវឲ្យលេខាធិការយកចិត្តទុកដាក់ផ្ទៀងផ្ទាត់អត្តសញ្ញាណ គូសសញ្ញធីក ត្រង់ឈ្មោះអ្នកបោះឆ្នោត ដែលបានអញ្ជើញមកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដើម្បីសម្គាល់ថា អ្នកបោះឆ្នោតនោះបានបោះឆ្នោតរួច កិច្ចដំណើរការទាំងអស់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការ តាមដានត្រួតពិនិត្យពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ នៅក្នុងការិយាល័យបោះឆ្នោត ជាដើម។
ម្យ៉ាងទៀត គ.ជ.ប បានប្រើប្រាស់ទឹកខ្មៅជ្រលក់ដៃសម្រាប់រៀបចំការបោះឆ្នោតជាសកលនេះ ៦លើករួចមកហើយ ពុំទាន់មានជនណាម្នាក់ បន្លំខ្លួនមកបោះឆ្នោត ២ដងនោះទេ។ ករណីនេះ ប្រសិនបើមាននោះ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីទិញទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									