ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ នឹងចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី

រូបភាពក្រសួងការបរទេស

ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់លោកស្រី រ៉េតណូ ម៉ារស៊ូ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន ៖ ស្នូលនៃកំណើន» ចាប់ពីថ្ងៃ១១-១៤ កក្កដា នៅរដ្ឋធានីហ្សាកាតា ឥណ្ឌូនេស៊ី ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៧ កក្កដា បានឲ្យដឹងថា ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្ដែងការ គួរសមជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងធ្វើជាសាក្សីនៃការចុះហត្ថលេខា លើលិខិតុបករណ៍ នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀត នូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឲ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្ដែង នានា។ កិច្ចពិភាក្សានេះ ក៏នឹងគ្របដណ្ដប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករ សម្រាប់កំណើនសកល ប្រកបដោយចីរភាព និងផ្តោតលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផល ប្រយោជន៍ និងក្តីបារម្ភរួមផងដែរ ។

កិច្ចប្រជុំនេះ ផ្តល់កាលានុវត្តភាព ក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពអាស៊ាន និងបង្កើនទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនា អាស៊ានទាំងអស់ ព្រមទាំងភាគីផ្សេងទៀត ដើម្បីធានាថា អាស៊ាននៅតែរក្សាបាននូវភាពពាក់ព័ន្ធដ៏សំខាន់ជា «ស្នូលនៃកំណើន សកល »៕

To Top