ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជាត្រៀមខ្លួន ជាស្រេច ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ប្រទេស និងអ្នកពាក់ព័ន្ធទូទាំងពិភពលោក ដើម្បីការពារប្រទេស របស់យើងរៀងៗខ្លួន ការពារសហគមន៍ សកលពី ផលប៉ះពាល់ដ៏គ្រោះថ្នាក់ នៃគ្រឿងញៀនសំយោគ និងធានាសុខុមាលភាពរបស់ប្រជាជន ។
ការថ្លែងរបស់លោករដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ ធ្វើឡើងនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើម្បីដោះស្រាយ ការគំរាមកំហែងនៃគ្រឿងញៀនសំយោគ តាមប្រព័ន្ធនិម្មិត” ដែលដឹកនាំដោយលោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ។ កិច្ចប្រជុំនេះ មានវត្តមានរដ្ឋមន្រ្តីការបរទេស/រដ្ឋមន្រ្តី មកពីជាង ៥០ប្រទេស ព្រមទាំងប្រធាននៃអង្គការអន្តរជាតិនានា។
ក្នុងកំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងអស់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីគ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ និងសង្គម ដែលបណ្តាលមកការប្រើប្រាស់គ្រឿងញៀន សំយោគ ដែលមិនស្របតាមក្បួនវេជ្ជសាស្ត្រ ។ រដ្ឋមន្ត្រីទាំងអស់បានបញ្ជាក់នូវការ ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ និងខិតខំរួមគ្នាកំណត់ នូវអាទិភាពសំខាន់ៗ ។
រដ្ឋមន្រ្តីទាំងអស់បានប្តេជ្ញា ចិត្តផងដែរ ក្នុងការបង្កើតឱ្យបាននូវ ដំណោះស្រាយឆ្ពោះទៅមុខ ជំរុញឱ្យកាន់តែប្រសើរនូវគំនិតផ្តួចផ្តើមថ្នាក់ជាតិ និងអន្តរជាតិ និងធានាថា គ្រប់ទិដ្ឋភាព នៃការកាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ គួរស្របតាមគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអនុវត្តសកម្មភាពជាក់ស្តែង និងបង្កើតដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ក្រាបការផលិត និងការជួញដូរគ្រឿងញៀន សំយោគដោយខុសច្បាប់ ក្នុងពេលនោះដែរត្រូវកាត់បន្ថយផលប៉ះពាល់ គ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ ។
លោកបានលើកឡើង អំពីការខិតខំប្រឹងប្រែង និងវិធានការនានារបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន រួមមាន ការអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ ។ កម្ពុជា បានធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹង អំពីគ្រឿងញៀនយ៉ាងទូលំទូលាយ ដល់សាធារណជនទូទៅ និងក្រុមគោលដៅ ។ កម្ពុជាបានពង្រឹងវិធានការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូល ការចែកចាយ និងការប្រើប្រាស់ សារធាតុគីមីផ្សំយ៉ាងហ្មត់ចត់ ដើម្បីបង្ការការផលិតគ្រឿងញៀនខុសច្បាប់ ដោយប្រើសារធាតុគីមីផ្សំដែល យកមកពីការធ្វើពាណិជ្ជកម្មស្របច្បាប់ ៕