ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ ដល់ប្រធានាធិបតីអាមេរិក-អ៊ុយក្រែន​ កុំប្រើគ្រាប់បែកចង្កោម​

រូបភាព​៖ តេឡេ​ក្រាម​សម្ដេចតេជោ​

ភ្នំពេញ​៖​ ជុំវិញបញ្ហាសង្គ្រាមរវាង​ រុស្ស៊ី-អ៊ុយក្រែន សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋន្ដ្រីនៃកម្ពុជា​ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក​ និងប្រធានាធិបតីអ៊ុយក្រែន​ កុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ​ ព្រោះអ្នករងគ្រោះពិតប្រាកដ​ គឺប្រជាជន។

តាមរយ:សារតេឡេក្រាមនាថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៣​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានឲ្យដឹងថា​ ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថា​ ស​ហរដ្ឋអាមេរិក​ នឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន​ ដើម្បី
ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។

សម្ដេចតេជោ​ បន្ដថា​ ប្រសិនរឿងនេះ​ វាជាការពិតមែន​ វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត​ សម្រាប់ប្រជាជនអ៊ុយក្រែន​ រាប់សឹបឆ្នាំ​ ឬដល់រយឆ្នាំទៀតផង​ ប្រសិនគ្រាប់បែកចង្កោមនេះ​ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុី
កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

សម្ដេចតេជោ​ បន្ថែមថា​ បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែល​ទទួលការទម្លាក់គ្រាប់បែកចង្កោមពី​អាមេរិក នាដើមទស្សវត្តរ៍១៩៧០មកដល់​ ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធី បំផ្លាញចោលអស់នៅឡើយ។

សម្ដេច​ នាយករដ្ឋមន្ត្រី​ គូសបញ្ជាក់ថា​ “ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ​ ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិត ប្រជាជនអ៊ុយក្រែន​ ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នក
រងគ្រោះពិតប្រាកដ គឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង”៕

To Top