ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខណ្ឌព្រែកព្នៅ និងលោកស្រី នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំនិងដង្ហែក្បួនយុទ្ឋនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
ការជួបជុំនេះ មានការចូលរួមពីសមាជិក សមាជិកា ចំនួន ២,០០០នាក់ រថយន្តតូចធំ ចំនួន ១៥គ្រឿង និងម៉ូតូ-កង់បី ចំនួន ៩០០គ្រឿង និងគ្រឿងបំពងសម្លេងតាមរថយន្ត និងម៉ូតូ-កង់បី។ ក្នុងពិធីនេះក្រោយពីលោកឃួង ស្រេង បានឡើងអានសេចក្តីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួច ក្បួនក៏បានដង្ហែចេញពីមុខបុរីភូមិសំរោងនោះ មកតាមផ្លូវជាតិលេខ៥ ទៅទិសខាងត្បូងរហូតដល់កែងអក្សរតេ បត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាងលិចតាមផ្លូវលេខ១៥១ រហូតដល់ផ្លូវលេខ៤២ បត់ឆ្វេងទៅទិសខាងត្បូង ទៅត្រង់រហូត ដល់ទួលកំណប់ បត់ឆ្វេងទៅទិសខាងកើត ទៅត្រង់រហូតដល់មហាវិថីឈ្នះ ឈ្នះ បត់ស្តាំទៅ ត្រង់រហូតដល់ចំនុចប៉ុស្តិ៍២៤ម៉ោង បត់ឆ្វេងទៅផ្លូវលេខ២០១១ បត់ឆ្វេងទៅតាមផ្លូវបេតុង មុខបុរីឈូកវ៉ា១ ត្រង់ទៅខ្លោងទ្វាវត្តអង្គក្រពើ បត់ស្តាំតាមមហាវិថីឈ្នះ ឈ្នះ ដល់ផ្លូវបេតុង ឡុងឈិន បត់ឆ្វេងទៅត្រង់ ដល់ផ្លូវលេខ១៥១ បត់ឆ្វេងទៅទិសខាងលិច ដល់ខ្លោងទ្វាវត្តអង្គ សិរីសួស្ដី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ បត់ស្ដាំទៅទិសខាងត្បូង ដល់មុខបុរីភូមិសំរោង ក្បួន បញ្ចប់ និងរំសាយតាមសង្កត់រៀងៗខ្លួន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឱ្យដឹងហើយថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕