ភ្នំពេញ ៖ ក្នុងពេលបាតុកម្ម ប្រឆាំងការបោះឆ្នោត នៅកម្ពុជា ពីសំណាកប្រជាពលរដ្ឋខ្មែរ មួយចំនួនរស់នៅសហរដ្ឋអាមេរិក ដោយប្រើរូបភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមបែបអបិយ៍ជំនឿ ជំទាស់ទៅ នឹងរាជរដ្ឋាភិបាល និងការបោះឆ្នោតនៅកម្ពុជា ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា អះអាងថា គ្មានប្រសិទ្ធភាព និងស័ក្តសិទ្ធិអ្វីនោះទេ ។
លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ១០ កក្កដា នេះថា ការប្រើរូបភាព សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ភ្ជាប់ទៅនឹង អបិយ៍ជំនឿនោះ គ្មានប្រសិទ្ធឡើយ ហើយបើមានប្រសិទ្ធភាព ទាល់តែមានអ្នកជឿ ប៉ុន្តែការធ្វើ របស់ក្រុមប្រឆាំងទាំងនោះ គ្មានអ្នកណា គេជឿតាមទេ ។ លោកថា បើពួកគេចង់ធ្វើក៏ធ្វើទៅគ្មាន អ្នកណាហាមឃាត់នោះទេ ព្រោះពួកគេអាងថា រស់នៅឯនាយសមុទ្រ ។
លោកបញ្ជាក់ថា “យើងឃើញវា (ក្រុមបាតុកម្ម) ប្រើរូបភាពអបិយ៍ជំនឿ គ្មានប្រសិទ្ធភាពទេ ។ វាអាងនៅនាយសមុទ្រ ចេះតែធ្វើប៉ាត់ណា ប៉ាត់ណីទៅ ក៏ប៉ុន្តែបើយកពីលទ្ធផល វាអត់បានលទ្ធផលអីទេ ដោយសារទី១-អត់អ្នកគាំទ្រ , ទី២-តែគ្នាវាហ្នឹងក៏មិនជឿគ្នាវាផង និងទី៣-កាន់តែបញ្ចេញពិសពុល និងអសីលធម៌គ្មានប្រជាជន មហាជនណាគាំទ្រវា… វាអត់ទេចឹង ។ ចឹងវាកាន់តែឯកោ”។
ចំពោះក្រុមប្រឆាំង ដែលដឹកនាំធ្វើបាតុកម្មនេះ ដឹកនាំដោយអតីតក្រុមមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ រួមមាន ៖ លោកស្រី មូ សុខហួរ អេង ឆៃអ៊ាង និងលោក ឡុង រី រួមទាំងមន្រ្តីផ្សេងទៀត ដោយប្រមាថមកលើរាជរដ្ឋាភិបាលកម្ពុជា លោក សុខ ឥសាន វាយបកថា ពួកគេទាល់ច្រកហើយ ដោយសារបរទេសលែងគាំទ្រ ទើបពួកគេ ប្រើរូបភាពបែបប្រមាថមាក់ងាយ ប្រើពាក្យពេចន៍អសុរោះ អសីលធម៌ កាន់តែធ្វើឲ្យធ្លាក់ ក្នុងភាពបរាជ័យខ្លាំងឡើង ។
សូមបញ្ជាក់ថា តាមរយៈការផ្សាយជាវិដេអូរបស់វិទ្យុ អាស៊ីសេរី នៅព្រឹកថ្ងៃ១០ កក្កដានេះ មានក្រុមពលរដ្ឋខ្មែរ នៅក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ដឹកនាំដោយពួកប្រឆាំង បាននាំគ្នាធ្វើបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងការបោះឆ្នោតផង ដែរដោយប្រើរូបភាពប្រមាថយ៉ាងធ្ងន់ធ្ងរ (មានក្តារមឈូស និងទង់ព្រលឹង) មកលើសម្តេចតេជោ ៕