ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាជួយដាំដើមឈើគ្រប់ទីកន្លែង

រូបភាព៖ តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន​

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាជួយដាំដើមឈើគ្រប់ទីកន្លែង ពេញផ្ទៃប្រទេស ពិសេសនាំគ្នាជួយទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ។

តាមរយៈគណនី Twitter សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់។ សូមនាំគ្នាដាំដើមឈើរៀងរាល់ថ្ងៃ ដោយកុំយកតែថ្ងៃទី០៩ កក្កដា រុក្ខទិវា នោះទេ ហើយត្រូវនាំគ្នាជួយដាំដើមឈើគ្រប់ទីកន្លែង ពេញផ្ទៃប្រទេស នៅតាមសាលារៀន វត្តអារាម និងទីកន្លែងផ្សេងៗ និងជាពិសេសនាំគ្នាជួយទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើឲ្យខានតែបាន»។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ក៏បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា «រុក្ខទិវា» នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ៕

To Top