ព័ត៌មានជាតិ

កម្ពុជា រងឥទ្ធិពលសម្ពាធទាប ពីចិន ធ្វើឲ្យមានភ្លៀង លាយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែក

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យពលរដ្ឋ បន្តប្រុងប្រយ័ត្ន ដោយសារកម្ពុជា រងឥទ្ធិពលខ្សោយពីជ្រលងសម្ភាធទាប ពីចិន នឹងធ្វើឲ្យបណ្តាខេត្តមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំ នឹងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពីថ្ងៃ១២ កក្កដា ស្អែកតទៅ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួង ធនធានទឹក​ ចាប់ពីថ្ងៃ១២-១៨ កក្កដា បានឲ្យដឹងថា ពី១២-១៤ កក្កដា កម្ពុជាបន្តទទួល នូវឥទ្ធិពលខ្សោយពីជ្រលង សម្ពាធទាប (ចិន) ។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃ១៥ កក្កដា នឹងអាចទទួលនូវឥទ្ធិពលពីជ្រលង សម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើន នៃខ្យល់មូសុងនិរតី ។

ក្រសួងបានលើកឡើងថា លក្ខណៈទាំងនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ។ ​ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម។​ ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែក តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។​ ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។​ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។​ ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិច ។ ​
ពីថ្ងៃទី១៦-១៨ ខែកក្កដា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ខ្យល់បកំបោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ៕

To Top