ព័ត៌មានជាតិ

ឆមាសទី១ ក្រុមការងារ តាមដានហ្វេសប៊ុក សម្ដេច ស ខេង ឆ្លើយតប និងដោះស្រាយសំណូមពរ ពលរដ្ឋបាន ១៣២គណនី

រូបភាព៖ ហ្វេសប៊ុកសម្ដេច ស ខេង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆមាសទី១ ឆ្នាំ២០២៣ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច បានឆ្លើយតប និងដោះស្រាយចំនួន ១៣២គណនី និង១៨១គណនីទៀត ស្ថិតក្នុងដំណាក់កាលដោះស្រាយ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១១ កក្កដានេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែន សមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី បានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី កំពុងដោះស្រាយចំនួន ១៨១គណនី ។ បើគិតពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣.៧៧៧គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២.២៦៦គណនី កំពុងពិនិត្យដោះស្រាយ៤៥៥គណនី» ។

សម្ដេចបន្ថែមថា វឌ្ឍនភាពជាបន្តបន្ទាប់ នៃការងារនេះ អាចសម្រេចបានក៏ដោយសារ មានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែន សមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

សម្ដេចក្រឡាហោម បានកោតសរសើរមន្ត្រី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍ ។ល។ សម្ដេចក៏បានក៏ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាដំណោះស្រាយ នោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា តាមបែបបទរដ្ឋបាល។

សម្ដេចបានថ្លែងអំណរគុណ បងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានា មកកាន់រូបសម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានា ក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

ជាថ្មីម្តងទៀតសម្ដេច ស ខេង ក៏សូមការយល់យោគអធ្យាស្រ័យ ពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី ៕

To Top