ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគ ជាង២៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងអាចបង្កើត ឱកាសការងារជាង ៣ពាន់កន្លែង ។
យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ កក្កដានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោង វិនិយោគជូន ដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិត សម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។
២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។
៣- “BRIGHT PLASTIC (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។
៤-“HEN YANG (CAMBODIA) APPAREL MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្បាលដីលេខ៣៨១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.១៤១កន្លែង ៕