ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) បានថ្លែងថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់របស់កម្ពុជា ទទួលបានជោគជ័យ ក្រោយជួយហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ ដល់មន្ត្រីជំនាញសកម្មភាពមីន របស់អ៊ុយក្រែន នៅប្រទេសប៉ូឡូញ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហេង រតនា បានលើកឡើងថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន មកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន (SESU) កាលពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។
លោក អគ្គនាយក គូសបញ្ជាក់ថា «វគ្គហ្វឹកហ្វឺននេះ បានដំណើដោយជោគជ័យ និងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព»។
សូមរំលឹកថា វគ្គហ្វឹកហ្វឺននេះ អាចដំណើការទៅបាន ដោយមានការសម្របសម្រួលពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ (JICA) និងទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា។ វគ្គហ្វឹកហ្វឺននេះ ជាលើកទី២ហើយ ដែលមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន ចូលរួមវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។ លើកទី១ គឺវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដែលមានរយៈពេល ១សប្តាហ៍ ដែលធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២០ ខែមករា ឆ្នាំ២០២៣៕