ព័ត៌មានជាតិ

NACC អរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបញ្ចេញ រថយន្តក្រុងជាង៣០០គ្រឿង សម្រាប់ដឹកកម្មករ និយោជិត ក្នុងការធ្វើដំណើរ ទៅបោះឆ្នោត នៅស្រុកកំណើត

ភ្នំពេញ ៖ ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា ហៅកាត់ថា NACCបានសម្តែងនូវការ អរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្រេច បញ្ចេញ រថយន្តក្រុង ជាង៣០០ គ្រឿង សម្រាប់ដឹកកម្មករ និយោជិត ដោយមិនគិតថ្លៃ ក្នុងការធ្វើដំណើរ ទៅបោះឆ្នោត នៅស្រុកកំណើតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ។

លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហាញការគាំទ្រ យ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល បែបនេះ ខណៈដែលការធ្វើធ្វើដំណើរ តាមរថយន្តក្រុងនេះ ពិតជាបានជួយសម្រួល ដល់ពួកគាត់យ៉ាងច្រើន ។
លោក សួង ហួត បានថ្លែងថា «ក្នុងនាមសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា NACC ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ដល់សុខទុក្ខនិងការលំបាក របស់កម្មករ និយោជិតក្នុងការធ្វើដំណើរ ទៅបោះឆ្នោតនៅឯស្រុកកំណើត ដោយបានរៀបចំ ឱ្យមានរថយន្តក្រុង ចំនួន350គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ ដោយឥតគិតថ្លៃ ដែលវាអាចជួយ ៖ កាត់បន្ថយការចំណាយរបស់កម្មករ និយោជិតផង
,ជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍ផង ហើយវាក៏ជួយសម្រួលការលំបាក របស់កម្មករ ក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរផង »។

ជាមួយការថ្លែង អំណរគុណនេះដែរ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ក៏បានអំពាវនាវដល់បង ប្អូនកម្មករ និយោជិត ទាំងអស់ សូមអញ្ជើញ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ជាពិសេសគឺសូមបោះឆ្នោត ជូនគណបក្សណាដែលអាចរក្សា សុខសន្តិភាព ការអភិវឌ្ឍន៍ និងរក្សាស្ថិរភាព ការងារជូនបងប្អូនកម្មករ និយោជិតមិនឱ្យបាត់បង់ ។

សូមរម្លឹកថា តាមរយៈសារសំឡេងពិសេស កាលពីថ្ងៃទី១១ ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្នុងរង្វង់៣០០ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនី នៅតាមបណ្តាខេត្ត សម្រាប់ធ្វើការបោះឆ្នោតដើម្បីសម្រួលទៅដល់កម្មករ កម្មការិនី សម្រាប់ការធ្វើដំណើរទៅកាន់ស្រុក កំណើតធ្វើការបោះឆ្នោត។ ការរៀបចំរថយន្តសម្រាប់ ជូនប្រជាពលរដ្ឋទៅបោះឆ្នោតនេះ ធ្វើឡើងដោយគ្មានការរើសអើង គណបក្សនយោបាយ ណាមួយឡើយ៕ អត្ថបទ ៖ ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top