ព័ត៌មានជាតិ

កម្មករនិយោជិត ជាង៦ពាន់នាក់ ដែលព្យូរកិច្ចសន្យា ការងារ ទទួលបានប្រាក់ ឧបត្ថម្ភលើកទី៣

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៣ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៦ ៨២៤នាក់ នៅរោងចក្រចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា «បងប្អូនកម្មករនិយោជិត ចំនួន ៦ ៨២៤នាក់ នៃរោងចក្រទាំង២១ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃសេចក្ដីណែនាំ ស្តីពីការព្យួរកិច្ចសន្យា ការងារកម្មករនិយោជិត ធ្វើការនៅរោងចក្រក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ ដោយសារវិបត្តិ សេដ្ឋកិច្ចសកល ជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក» ។

ក្រសួង បន្ដថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះ ចំនួន ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យា ការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ។ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ១៥ថ្ងៃ ដល់ ១ខែ៕

To Top