ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ជំនួបរវាងមន្ត្រីជាន់ខ្ពស់ថៃ ជាមួយលោកស្រី អោងសាន ស៊ូជី ជាការវិវឌ្ឍវិជ្ជមានមួយ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ ដែលសម័យប្រជុំចង្អៀត នៅទីក្រុងហ្សាការតា នាថ្ងៃទី១២ ខែកក្កដា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងស្វាគមន៍ចំពោះជំនួបរវាងលោក ដន ប្រាម៉ាត់វិណៃ រដ្ឋមន្រ្តីការបរទេសថៃ ជាមួយលោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដោ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាការវិវឌ្ឍជាវិជ្ជមានមួយ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៣ កក្កដានេះ បានឲ្យដឹងថា នៅក្នុងសម័យប្រជុំចង្អៀតនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។

លោកបានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ទំនងគឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាបន្ន។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់​ នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្តីពី ការរិះរកវិធីសាស្រ្តផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

សំខាន់ជាងនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្តែង នូវការកោតសរសើរដល់ លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសថៃ ចំពោះវិភាគទានដ៏មានតម្លៃរបស់លោកទៅដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ៕

To Top