ព័ត៌មានជាតិ

កម្ពុជា ទន្ទឹងរង់ចាំការពង្រីកផ្លូវល្បឿនលឿន ត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ មកកាន់ឡាវ កម្ពុជា និងវៀតណាម

រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាទន្ទឹងរង់ចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលា របស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នាថ្ងៃទី១៣ កក្កដា អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិសខាងកើត និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា និងបានកោតសរសើរពីវឌ្ឍន-ភាពក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (ឆ្នាំ២០២១-២០២៥)។

រដ្ឋមន្ត្រីការបរទេសបានអនុម័តឧបសម្ព័ន្ធបន្ថែមលើផែនការសកម្មភាព ដែលជាការតាមដានការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌាកាលពីឆ្នាំមុន។

ក្រសួងបញ្ជាក់ថា «លោកឧបនាយករដ្ឋមន្ត្រី ក៏បានទន្ទឹងរង់ចាំការបញ្ចប់និងដំណើរការទាន់ពេលវេលារបស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាមផងដែរ» ៕

To Top