ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្តនូវែលសេឡង់ ផ្ដល់ការគាំទ្របន្ថែមទៀត ចំពោះសហគ្រាសមីក្រូធុនតូច និងមធ្យម ពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងអាចសម្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ រួមមានតាមរយៈការអនុវត្តផែនការការងារទី៤ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-នូវែលសេឡង់ នាថ្ងៃទី១៣ កក្កដា អាស៊ានបានបង្ហាញពីការកោតសរសើរ ចំពោះការបន្តគាំទ្ររបស់នូវែលសេឡង់លើមជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការដែលដឹកនាំដោយអាស៊ាននានា។
កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួមអាស៊ាន-នូវែលសេឡង់ ស្តីពី កិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក និងទន្ទឹងរង់ចាំការចុះហត្ថលេខា លើពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង បង្កើតពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) នៅខែសីហា ឆ្នាំ២០២៣ ៕