ព័ត៌មានជាតិ

អាស៊ាន-កាណាដា គួរបន្តអនុវត្តវិធានការ ក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីជំរុញកំណើន និងផ្តល់ថាមពលលើខ្សែសង្វាក់ផ្គត់ផ្គង់សកល

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានថ្លែងស្នើឲ្យអាស៊ាន-កាណាដា គួរបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការណ៍ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីជំរុញកំណើន និងផ្តល់ថាមពលឡើងវិញលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-កាណាដា នាថ្ងៃទី១៣ កក្កដា បានកត់សម្គាល់ពីលទ្ធផលវិជ្ជមាននៃខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដាកាលពីឆ្នាំមុន។

កិច្ចប្រជុំបានឯកភាពលើសេចក្តីព្រាងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំស្តីពី ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា នៅខែកញ្ញា ឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើថា «អាស៊ាននិងកាណាដា គួរបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមស្តីពី ផែនការការងារពាណិជ្ជកម្ម និងវិនិយោគ ឆ្នាំ២០២១-២០២៥ ដើម្បីជំរុញកំណើន និងផ្តល់ថាមពលឡើងវិញលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាការបញ្ចប់ឱ្យទាន់ពេលវេលាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា» ៕

To Top