ព័ត៌មានជាតិ

បេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ៖ លំហរពលរដ្ឋ – នយោបាយនៅកម្ពុជាមានភាពសេរី និងបើកចំហរ

រូបភាពពីហ្វេសប៊ុក

ភ្នំពេញ ៖ ស្ថានបេសកម្មអចិន្ដ្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្ស៊ីណែវ បានឲ្យដឹងថា លំហរពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ ក្នុងនោះ តួនាទីដ៏រស់រវើកប្រកបដោយភាពស្ថាបនានៃអង្គការមិនមែនរដ្ឋាភិបាល។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានបេសកម្មអចិន្ដ្រៃយ៍ស្ដីពី «កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជា លើវិស័យសិទ្ធិមនុស្ស ត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធមនុស្ស» ចេញផ្សាយនាថ្ងៃទី១៦ កក្កដាបញ្ជាក់ថា «លំហរពលរដ្ឋ និងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ ដែលសបញ្ជាក់តាមរយៈ រួមមាន តួនាទីដ៏រស់រវើកប្រកបដោយភាពស្ថាបនា នៃអង្គការមិនមែនរដ្ឋាភិបាលចំនួន៦០០០ និងអង្គភាពព័ត៌មានជាង២០០០ ប្រតិបត្តិការដោយសេរី ដោយគ្មានការ ត្រួតពិនិត្យឬរឹតត្បិត ដែលបានរួមចំណែក ក្នុងការលើកកម្ពស់និងកិច្ចការពារសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការតាក់តែងគោលនយោបាយ»។

បេសកកម្មអចិន្ដ្រៃយ៍កម្ពុជាបន្ដថា គណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខាងមុខ។ នេះជាសក្ខីភាពយ៉ាងជាក់ច្បាស់ នៃបរិយាកាសពហុបក្សនិងប្រជាធិបតេយ្យដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ប្រភពបន្ថែមថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់ចំពោះតួនាទី នៃសេរីភាពបញ្ចេញមតិក្នុងមាគ៌ាប្រជាធិបតេយ្យសេរី របស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពរស់រវើក និងប្រកបដោយថាមវន្ត។ ការគ្រប់ ដណ្តប់នៃសេវាទូរស័ព្ទចល័តខ្ពស់ ដែលមានតម្លៃទាបជាងគេបំផុតក្នុងតំបន់ បានពង្រឹងសិទ្ធិ អំណាចពលរដ្ឋទូទៅដោយគ្មានការបង្អាក់រំខាន ដើម្បីបញ្ចេញទស្សនៈដោយសេរីលើកិច្ចការ សាធារណៈ។ សំឡេងរបស់ពួកគេត្រូវបានបន្លឺបន្ទរបន្ថែមដោយអង្គភាព សារព័ត៌មានទាំង ប្រពៃណីនិងឌីជីថលជាង២០០០ ដោយគ្មានការត្រួតពិនិត្យ ធានាដោយច្បាប់ស្តីរបបសារព័ត៌មាន។

សូមបញ្ជាក់ថា ក្នុងអំឡុងសម័យប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាក៏បានចូលឈ្មោះជាប្រទេស គាំទ្រសេចក្តីថ្លែងការណ៍រួមចំនួន១៣ ដែលស្នើដោយអាស៊ាន ក្រុមមិត្តការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រទេសនៃក្រុមដែលមានគំនិតដូចគ្នា លើប្រធានបទ គ្រួសារនិងសិទ្ធិមនុស្ស សិទ្ធិស្ត្រី ការកាត់បន្ថយភាពក្រីក្រ ថាមពលស្អាតស្អំ ការប្រែប្រួលអាកាសធាតុ សាមគ្គីភាពអន្តរជាតិ និងជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ជាអាទិ៍៕

To Top