ព័ត៌មានជាតិ

ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជាង៧០០នាក់ ដែលជាប់គាំង នៅកោះរ៉ុង បានត្រឡប់មកដល់ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព

រូបភាព រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន ។ នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុ ។

រូបភាព រដ្ឋបាលខេត្តព្រះសីហនុ

សូមជម្រាបថាប្រតិបត្តិការនេះ បានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង ស្នើនឹង០៦ជើង។ ក្នុងនោះភ្ញៀវទេសចរណ៍ មានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះ ដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន​ និងសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុផងដែរ ៕

To Top