ភ្នំពេញ៖ លោក Matthew Smith នាយកប្រតិបត្តិ ក្រុមហ៊ុន Liberty Technology បន្ទាប់ពីបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា វេទិកានេះគួរឲ្យចាប់អារម្មណ៍ និងយល់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនង ។
វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នាសាលកោះពេជ្រ ដែលរៀបចំដោយយុវជនសេដ្ឋកិច្ចកម្ពុជា បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគិនកម្ពុជា និងមានអ្នកចូលរួម ប្រមាណជិត៦ពាន់នាក់ ។
ក្នុងឱកាសចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ លោក Matthew Smith នាយកប្រតិបត្តិ ក្រុមហ៊ុន Liberty Technology បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា “វេទិកានេះពិតជាគួរឲ្យចាប់អារម្មណ៍ វាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនង និងសំខាន់បំផុត អាចឲ្យយើងចែករំលែក នូវគំនិតល្អៗទៅគ្នាទៅវិញទៅមក”។
ឆ្លៀតក្នុងឱកាសនោះ លោក Matthew Smith បានឲ្យដឹងពីចក្ខុវិស័យរបស់ Liberty Technology ថា “យើងយកចិត្តទុកដាក់ ទៅលើការផ្ដល់នូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតជាដំណោះស្រាយ សម្រាប់ប្រទេសកម្ពុជា។ យើងក៏យកចិត្តទុកដាក់ ចំពោះឧត្តមភាពផងដែរ ដោយផ្ដោតទៅលើស្តង់ដារខ្ពស់ និងការអនុវត្តខ្ពស់នៅគ្រប់ជំហាន និងគ្រប់សកម្មភាពដែលយើងធ្វើ ក្នុងនាមជាក្រុមហ៊ុន។ ជាងនេះទៅទៀត យើងយកចិត្តទុកដាក់ ចំពោះមនុស្សជាតិនិងស្តង់ដារ នៃការរស់នៅរបស់ពួកគេ ដោយការលើកកំពស់គុណភាពជីវិតនៅកម្ពុជា ជាកត្តាចាំបាច់បំផុត សម្រាប់ក្រុមហ៊ុនយើង ។
ដោយឡែក ឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មាន អំពីគុណតម្លៃរបស់ Liberty Carz លោក Matthew Smith បានឆ្លើយតបថា គុណតម្លៃរបស់ Carz ផ្ដោតទៅលើការរួមបញ្ចូល ឬសមាហរណកម្មនៃទីផ្សារ។ សមាហរណកម្មមានន័យថា ការបញ្ចូលទីផ្សាររួមគ្នា តាមរយៈបច្ចេកវិទ្យា ដើម្បីបង្កើននូវប្រសិទ្ធភាព។ ក្រុមហ៊ុនរបស់យើងខ្ញុំបានមើលឃើញអនាគត នៃឧស្សាហកម្មរថយន្ត ហើយជឿជាក់ទៅលើ សមត្ថភាពរបស់ក្រុមហ៊ុនយើង ក្នុងការផ្តល់នូវភាពផ្លាស់ប្តូរនេះ។ កម្មវិធីជំនាន់ទីមួយរបស់យើង កំពុងផ្តល់នូវបទពិសោធន៍ថ្មី ក្នុងការលក់ និងការទិញរថយន្ត ជូនទៅដល់អតិថិជនទាំងអស់។ កម្មវិធីជំនាន់ទី២ របស់យើង មានមុខងារខ្លាំងជាងមុនទៅទៀត ។
ក្នុងនោះនាយកប្រតិបត្តិ ក្រុមហ៊ុន Liberty Technology បានឲ្យដឹងថា ការចូលរួមក្នុងទីផ្សារ អាចបង្កើតជាឱកាសការងារ និងស្តង់ដារការងារថ្មី ជូនទៅដល់ជនគ្រប់រូប។ ក្រុមហ៊ុនយើងគឺជាអនាគត និងតែងតែគាំទ្រ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាជានិច្ច។
គួរឲ្យដឹងថា Liberty Technology គឺជាក្រុមហ៊ុនដែល ផ្តោតសំខាន់ លើការនាំយកយុគសម័យឌីជីថលមកកម្ពុជា ដើម្បីលើកកម្ពស់ជីវិត និងលើកកម្ពស់គុណភាពជីវិត។ ចក្ខុវិស័យ និងបេសកកម្មរបស់ Liberty Technology ផ្តោតលើការផ្តល់នូវការច្នៃប្រឌិត និងឧត្តមភាព ។
គួរឲ្យដឹងផងដែរថា លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគិនកម្ពុជា បានចាត់ទុក វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ ជាតាក់តាងប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជា និងត្រូវបានកត់ត្រាទុក សម្រាប់យុវជន ឬអ្នកបន្តវេនជំនាន់ក្រោយ បានដឹងនិងមានមោទនភាព ។ វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣នេះ ត្រូវបានលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព យល់ឃើញថា បានមកដោយសារកត្កាសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយក្នុងនោះសមាជិកសមាជិកាទាំងអស់ សុទ្ធតែមានការរួមចំណែក៕