ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំមួយទៀត ជាមួយនឹងការស្នើឱ្យកម្មករនិយោជិត ផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់ ករណីដែលម្ចាស់អាជីវកម្ម មិនឱ្យឈប់សម្រាក រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
សេចក្ដីណែនាំរបស់ក្រសួងការងារបញ្ជាក់ថា ៖
១/ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ រួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យ បងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
២/ ប្រគល់ភារកិច្ចជូនក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី ខេត្ត ទាំងអស់ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះយ៉ាងម៉ឺងម៉ាត់។ ក្នុងករណី រកឃើញការបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន។
៣/ ករណីមានការមិនអនុវត្តតាមសេចក្ដីណែនាំខាងលើ សូមបងប្អូនកម្មករនិយោជិតផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWorkerchat ឬខ្សែទូរស័ព្ទបន្ទាន់ ១២៩៧៕