ព័ត៌មានជាតិ

៦៥ឆ្នាំ នៃគំរូមិត្តភាពអមតៈរវាងកម្ពុជា និងចិន

«អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម» ជាទឡ្ហីករណ៍ដែលបានគូសរំលេចពីទំនាក់ទំនងការទូតជាប្រពៃណីរវាងកម្ពុជានិងចិន ដែលមានតាំងពីសតវត្សរ៍ទី៣តាមរយៈអត្ថបទសំណេររបស់លោក កាំង ថៃ និងលោក ជូ យីង ហើយត្រូវបានប្រវត្តិវិទូនានានៅទូទាំងពិភពលោកសុទ្ធតែបានយល់ស្របគ្នា។

លើសពីនេះប្រវត្តិវិទូក្នុងលោកក៏បានឯកភាពពីកំណត់ហេតុនាសតវត្សរ៍ទី១៣របស់លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីទំនៀមទម្លាប់អ្នកស្រុកចេនឡាដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជានិងចិន។ ស្នាដៃនៃកំណត់ហេតុនេះត្រូវបានបកប្រែពីភាសាចិន ទៅជាភាសានានាជាច្រើនដើម្បីចូលរួមចែករំលែកកាន់តែទូលំទូលាយ ពីពុទ្ធិមហាសាលនៃគំរូភាពទំនាក់ទំនងមិត្តភាពកម្ពុជានិងចិន។

«ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំដុះ» ជាភាសិតដែលមានតម្លៃសច្ចធម៌សម្រាប់យល់ដឹងកាន់តែច្បាស់ ពីទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដោយបានផ្តួចផ្តើម ឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក Mao Zedong ហើយត្រូវបានបន្តពូនជ្រុំយ៉ាងរឹងមាំនិងខ្លាំងក្លាក្នុងនាមជាមិត្ត ដែកថែបក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Xi Jinping ប្រធានរដ្ឋចិន។

ក្រោមទម្រដ៏រឹងមាំនៃទំនាក់ទំនងការទូតនិងក្នុងក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូល ក្លាយជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨) ដែលនាំឱ្យប្រទេសទាំងពីរទទួលបានផ្លែផ្កាជាច្រើនមហិមា។

«ផ្លូវឆ្ងាយដឹងកម្លាំងសេះ ពេលវេលាដឹងចិត្តមនុស្ស» ជាទស្សនៈប្រកបដោយនិយាមគរុសភាក្នុងការផ្តល់តម្លៃដ៏សំខាន់ នៃមិត្តភាពជាក់ស្តែងរយៈពេល៣ឆ្នាំដែលកម្ពុជាទទួលបានជ័យជម្នះលើសមរភូមិកូវីដ-១៩ពិតជាមិនអាចខ្វះបាននូវចំណែកដ៏ធំធេងរបស់មិត្តចិន ហើយបន្ថែមពីលើនេះថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួមតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ពិភពលោកបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេស ការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល» និង «គំនិតផ្តួចផ្តើមសន្តិសុខសកល» បាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។

«រួមចិត្ត រួមកម្លាំងគ្នា បើទោះបីជាភ្នំថៃ សានក៏អាចរំកិលបានដែរ» ជាគំនិតសន្ទុះវិជ្ជមានដ៏អស្ចារ្យដែលបានឆ្លុះបញ្ចាំងពីសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិនរំលេចចេញនូវ គំរូភាព នៃការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដែលបាននិងកំពុងបន្តបង្កើតសមិទ្ធផលផ្លែផ្កាជាច្រើនបន្ថែមទៀត និងបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាជាតិប្រទេសយើងទាំងពីរ ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ អំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ដែលបានលើកឡើងយ៉ាងច្បាស់ថាចិននិងកម្ពុជា ត្រូវតែបង្កើតជាសហគមន៍វាសនារួមដែលជួយគ្នាទៅវិញទៅមក។

នាក្នុងខែតុលា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping មកកាន់ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ នៃភាគីទាំងពីរបានកំណត់អំពីការជំរុញភាពចាំបាច់ និងសារៈសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងថែមមួយកម្រិតទៀតនូវទំនាក់ទំនងកម្ពុជានិងចិន។ កាលពីខែមេសា ឆ្នាំ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពក សាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន ហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រទេសទាំងពីរបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍ វាសនារួមរវាងកម្ពុជានិងចិន ក្នុងយុគសម័យថ្មីក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ។

ជារួមគិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះគឺជាខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានិងចិន គឺជាអ្នកជិតខាងល្អនិងជាមិត្តពិតប្រាកដដែលស្គាល់ចិត្តគ្នាទៅវិញទៅមក ជាអ្នកត្រួសត្រាយនិងជាអ្នកអនុវត្តជាគំរូក្នុងការកសាងសហគមន៍វាសនារួម នៃមនុស្សជាតិ ហើយបន្ថែមពីលើនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើងទាំងពីរ កិច្ចកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន ដែលប្រកបដោយគុណភាពនិងស្ដង់ដារកម្រិតខ្ពស់ក្នុងយុគសម័យថ្មីនឹងបន្តលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ មានស្ថិរភាពដែលបានជំរុញល្បឿនទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល៦៥ឆ្នាំមកនេះបានទទួលការអភិវឌ្ឍយ៉ាងច្រើនអនេក៕ ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top