ភ្នំពេញ ៖ លោក ឃួង ស្រេង បានលើកឡើងថា ការជួបសំណេះសំណាល ជាមួយលោក ម៉ក់ ហឺន ចង់បង្ហាញឲ្យដឹងច្បាស់ ពីមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធាន គណបក្សប្រជាជនកម្ពុជា បានលះបង់ដ៏ធំធេង ក្នុងបុព្វហេតុស្វែង រកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។
នេះជាការបញ្ជាក់ របស់ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានី ភ្នំពេញ ក្រោយជួបសំណេះសំណាល ជាមួយលោកតា ម៉ក់ ហឺន អ្នកវិភាគជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ និងភរិយា នាព្រឹកថ្ងៃទី១៩ កក្កដាឆ្នាំ២០២៣ ។
ក្នុងជំនួប លោក ឃួង ស្រេង លើកឡើងថា ការជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន និងភរិយាព្រមទាំងសហការី នាពេលនេះ ចង់បង្ហាញឲ្យដឹងច្បាស់ពីមហាគ្រួសារគណបក្ស ប្រជាជនកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់ដ៏ធំធេងក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិ រីកចំរើនជឿនលឿនឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។
លោក ឃួង ស្រេង បញ្ជាក់ថា សន្តិភាពនេះហើយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ីទទួលទាន មិនថាប្រជាពលរដ្ឋរស់នៅក្នុងក្រុង ឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់មានជីវភាពធូធារហូតដល់អ្នកស្រែចំការ មានលទ្ធភាពទិញផ្ទះស្វែង ឬបុរីឲ្យកូនស្នាក់នៅ ដើម្បីរៀនសូត្រនៅភ្នំពេញ ដោយមិនបាច់ពឹងពាក់ផ្ទះបងប្អូនឡើយ ។
លោក ឃួង ស្រេង ក៏បានលើកឡើងផងដែរ ពីទុក្ខវេទនាក្នុងរបបប៉ុល ពត និងការរំដោះប្រទេសជាតិ ចេញពីរបបនេះ និងការស្តារប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើន គឺជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ។
ជាមួយគ្នានោះលោកតា ម៉ក់ ហឺន ក៏បានលើកឡើងថា ក្នុងរបបប៉ុល ពត លោកក៏ជាប្រជាពលរដ្ឋម្នាក់ ដែលបានរងគ្រោះដែរ ដោយត្រូវពួកប៉ុលពត ធ្វើទុក្ខបុកម្នេញ ឲ្យធ្វើជាគោអូសរទេះថែមទៀតផង ។
លោកពិតជាកោតសរសើរ ចំពោះភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញតែម្តង ពិតជាមានការអភិវឌ្ឍរីកចម្រើន នឹកស្មានមិនដល់។
គួរឲ្យដឹងថា ក្រោយបញ្ចប់ពិធីសំណេះសំណាលនេះ លោកឃួង ស្រេង បានបន្តនាំលោកតា ម៉ក់ ហឺន មកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅបន្តទៀត ដោយក្នុងកម្មវិធីទស្សនកិច្ចនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញចូលរួមផងដែរ។
ក្នុងដំណើរទស្សនកិច្ចនោះ លោកតា ម៉ក់ ហឺន បានលើកឡើងថា លោកមិនដែលដឹងថា នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យជាតិតេជោ សន្ដិភាពដ៏ធំរហូតដល់១ម៉ឺនគ្រែ ដូចនេះទេ លោកដឹងត្រឹមតែ មន្ទីរពេទ្យកាល់ម៉ែត ដែលទើបសាងសង់ថ្មី និងពហុកីឡដ្ឋានជាតិមរតកតេជោប៉ុណ្ណោះ ។ តែមន្ទីរពេទ្យនេះ មិនត្រឹមតែធំទូលាយប៉ុណ្ណោះទេ នៅបានបំពាក់គ្រឿងបរិក្ខា មិនចាញ់មន្ទីរ នៅក្រៅប្រទេសថែមទៀតផង ៕