ភ្នំពេញ ៖ ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់ បានរំពឹងថា អំឡុងពាក់កណ្ដាល ឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២ អាចនឹងបញ្ចប់ ហើយនាពេលអនាគត កម្ពុជានឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណកើនឡើងថែមទៀត។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ កក្កដា បានឲ្យដឹងថា ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឲ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។
គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen មានប្រសាសន៍ក្នុងពេលនាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឲ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឲ្យរឹងមាំឡើងវិញ។
កញ្ញាបន្ដថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា ៖ ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានានោះ កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើជំនាញអភិរក្សថ្មនេះ រយៈពេលជាង១ឆ្នាំមកហើយ។
ស្ថាប័ន GIZ អាល្លឺម៉ង បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២នេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣។ បច្ចុប្បន្ននេះ ក្រុមសិក្ខាកាមបានសិក្សាដល់កម្មវិធីទី៧ហើយ។ ស្ថាប័ន GIZ អាល្លឺម៉ង់ រំពឹងថា «នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២អាចនឹងបញ្ចប់ ហើយនៅពេលអនាគតខ្មែរនឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណបានកើនឡើងមួយចំនួនថែមទៀត»។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ស្ថាប័នGIZ អាល្លឺម៉ង់ ធ្លាប់បានសហការជាមួយអាជ្ញាធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ប្រាសាទបុរាណនេះម្ដងមកហើយ ដោយសិក្ខាកាមជំនាន់ទី១នោះ បានក្លាយទៅជាក្រុមអ្នកជំនាញខ្មែរ និងកំពុងយកជំនាញទាំងនេះទៅអនុវត្តន៍ការងារនៅតាមប្រាសាទបុរាណនានាយ៉ាងត្រឹមត្រូវ៕