ភ្នំពេញ៖ ខណៈគៀកថ្ងៃបោះឆ្នោត អតីតសកម្មជន គណបក្សប្រឆាំង ចំនួន២៧៩រូប បានស័្មគ្រចិត្តចូល រួមជីវភាព នយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ក្រោយពីបានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជាតិ ឲ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចសព្វថ្ងៃ ។
ពិធីប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង២៧៩រូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃួ ង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្ស រាជធានីភ្នំពេញ ។
តំណាងសមាជិក-សមាជិកាថ្មីចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ទាំង២៧៩រូប បានលើកឡើងថា ការដែលពួកគាត់ស័្មគ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានេះ ក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងបុព្វហេតុស្វែងរកសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ។ ការស័្មគ្រចិត្តចូល រួមជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជានេះដែរ ពួកគាត់មានគោលបំណង រួមចំណែកកសាងជាតិ មាតុភូមិ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុលពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ន។
លោកឃួង ស្រេង បានបញ្ជាក់ថា សន្តិភាពបានមក ពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ដូច្នេះយុវជនទាំងអស់ ត្រូវការពារសន្តិភាព ដែលរកបានដោយកម្រនេះឲ្យបានគង់វង់។
លោកបន្តថា សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាពនិងការអភិវឌ្ឍជូនជាតិ ដូច្នេះ ទាំងអស់គ្នារួមគ្នា ការពារសន្តិភាពឲ្យបាន តាមរយៈនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ខាងមុខ គាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ ប្រទេសឲ្យរីកចំរើនរុងរឿងបន្ថែមទៀត ពិសេសប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕