ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនិងភរិយាព្រមទាំងបងប្អូនក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រលើកទី៧ នាព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រោមម្លប់សន្តិភាព បានធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយ ហើយនៅពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ប្រជាពលរដ្ឋជឿទុកចិត្ត និងសប្បាយរីករាយ ដោយនាំគ្នាទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា កម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មានភាពរឹងមាំ ដោយសារតែប្រជាពលរដ្ឋយល់ច្បាស់ អំពីគោលការណ៍របស់គណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត(គ.ជ.ប ) ពួកគាត់មានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ក្រោមម្លប់សន្តិភាព ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែភាពមានភាពរឹងមាំពីអាណត្តិមួយទៅអាណត្តិមួយ។ ជាក់ស្ដែងនៅពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបសាធារណៈ មានភាពល្អប្រសើរ ប្រជាពលរដ្ឋជឿទុកចិត្ត និងសប្បាយរីករាយ។
លោកបន្តថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានទទួលស្គាល់នៅលើពិភពលោក ដែលគ្រប់ភាគីពាក់ព័ន្ធជាច្រើនមកសង្កេតការបោះឆ្នោតនៅកម្ពុជា ហើយភាគីពាក់ព័ន្ធខ្លះបានមករៀនសូត្រពីប្រជាធិបតេយ្យ នៅកម្ពុជាថែមទៀតផង។
ក្នុងឱកាសនោះ លោកបានអំពាវនាវឲ្យពលរដ្ឋ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នឹងសូមជូនពរប្រជាពលរដ្ឋមានសុវត្ថិភាពគ្រប់គ្នាផងដែរ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោត ចំនួន២២០៦ ការិយាល័យ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៩៦១៧៤២នាក់ ស្រីចំនួន៥១០៩៣៥នាក់៕