នយោបាយ

សមត្ថកិច្ច កំពុងស្រាវជ្រាវ ប្រមូលភស្តុតាងបុគ្គលណា ថតផ្សាយការគូសខ្វែងចោល លើសន្លឹកឆ្នោត

រូបភាព៖​ គ.​ជ.​ប

ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា សមត្ថកិច្ច កំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណា ថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ដើម្បីចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង។

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក គឹម សន្ដិភាពគូសបញ្ជាក់ថា “សមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់នេះ ក្នុងបណ្តាញសង្គមនានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែង”។

ក្រោយពីសកម្មភាពបោះឆ្នោតបានចាប់ផ្តើមនៅព្រឹកថ្ងៃ២៣ កក្កដា នៅគ្រប់មណ្ឌលទូទាំងប្រទេស ក្នុងហ្វេសប៊ុករបស់លោក សម រង្ស៊ីដែលជាមេញុះញុងឲ្យពលរដ្ឋទៅបោះឆ្នោត តែត្រូវបំផ្លាញ សន្លឹកឆ្នោត ឃើញមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសន្លឹកឆ្នោតគូសបំផ្លាញចោល ក្នុងរូបភាពខុសៗគ្នា។

សូមបញ្ជាក់ថា ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឲ្យការបោះឆ្នោត ពលរដ្ឋមានឈ្មោះបោះឆ្នោតសរុបចំនួន ៩.៧១០.៦៥៥ នាក់ ខណៈការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួនសរុប ២៣.៧៨៩ ការិយាល័យ៕

To Top