ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អ្នកឃុបឃិត ជាមួយក្រុមប្រឆាំងជ្រុលនិយម ដែលបានគូសបំផ្លាញសន្លឹកឆ្នោត ហើយបង្ហោះនៅលើបណ្ដាញសង្គម ចេញមុខមកសារភាព កំហុស ជាមួយនឹងអាជ្ញាធរ បើមិនដូច្នេះទេ នឹងត្រូវចាត់វិធាន ការទៅតាមផ្លូវច្បាប់។
តាមរយៈសារសំឡេងជាង១០នាទី នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាជនបានចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ មានចំនួនដ៏ច្រើនលើសលប់ បើទោះបីជាគ្មានវត្តមានគណបក្សភ្លើងទៀន ក៏ដោយ។ សម្ដេចតេជោ ហ៊ុន សែន ក៏កំពុងរង់ចាំមើលថាតើមានសន្លឹកឆ្នោតមិនបានការចំនួនប៉ុន្មានដែរ នៅក្នុងការបោះឆ្នោតនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «ឥឡូវយើងរង់ចាំមើល ថាតើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹក ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆោតណាដែលគូសខ្វែង គឺជាសន្លឹកឆ្នោតគាំទ្រពួកគេ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក ឯអត្រាសន្លឹកឆ្នោតមោឃៈ ដូចជាការគូសខុស គឺវាជារឿងធម្មតាដែលមានកម្រិតប្រមាណជា ២ភាគរយ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» គឺពួកគេមានបោះសន្លឹកឆ្នោតជាគំរូ និងបានបញ្ជូនទៅមេក្រុមជ្រុលនិយម នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមថា កាលពីយប់មិញនេះ ពួកគេបានដំណើរការនៅក្នុង Channel Telegram ឈ្មោះថា «Sabai សប្បាយ» ដើម្បីលើកទឹកចិត្តឲ្យមានការគូសសន្លឹកឆ្នោតចោល ដោយមានសេចក្ដីក្លាហាន ហើយបញ្ជូនសន្លឹកឆ្នោតនោះ ទៅកាន់ប្រធានរបស់ពួកគេ។
សម្ដេចតេជោ ហ៊ុន សែន ចូលទៅមើលក្នុង Channel Telegram នោះ ហើយក៏បានចូលទៅ Comment ផងដែរ ហើយអ្នកនៅក្នុង Channel Telegram នោះ ក៏ត្រូវបានកំណត់មុខសញ្ញារួចរាល់ហើយដែរ។ តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ឱកាសឲ្យពួកគេចេញមុខមកសារភាព បើមិនដូច្នេះទេ នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។
សម្ដេចតេជោ ហ៊ុន សែន គួសបញ្ជាក់ថា «អ្នកអាចចេញមកធ្វើការសារភាពជាមួយនឹងអាជ្ញាធរ ជាមួយនឹងគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ជាពិសេសជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើសដែលត្រូវតែផ្ដន្ទាទោស អ្នកដឹងខ្លួនសូមឲ្យប្រញ៉ាប់ប្រញ៉ាលចេញមកសារភាពជាមួយនឹងអាជ្ញាធរ នៅកន្លែងដែលកៀកបំផុត»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើពួកគេមិនចេញមុខមកសារភាពនោះទេ វិធានការផ្លូវច្បាប់នឹងត្រូវប្រកាន់យកទៅលើពួកគេទាំងនោះ មិនខាន៕
សូមស្ដាប់ប្រសាសន៍ទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន៖