ព័ត៌មានជាតិ

ប្រធាន​ គ.ជ.ប​ អំពាវនាវដល់ពលរដ្ឋ បន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អ ក្រោយថ្ងៃបោះឆ្នោត

រូបភាព គ ជ ប

ភ្នំពេញ​ ៖​ លោក​ ប្រាជ្ញា​ ចន្ទ​ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)​ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ បន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អ ក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការ​ នៃការបោះឆ្នោតដោយ គ.ជ.ប។​ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ គ.ជ.ប។

នាឱកាសអញ្ជេីញបូកសរុបព្រឹត្តិការណ៍ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣​ លោក​ ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់​ ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំការអភិវឌ្ឍប្រទេស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។

លោក​ ប្រធាន គ.ជ.ប​ ក៏បានថ្លែងអំណរគុណចំពោះ​ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់​ ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក​ ប្រធាន គ.ជ.ប​ គូសបញ្ជាក់ថា “នេះជាការរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងសូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អ ក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការ​ នៃការបោះឆ្នោតដោយ គ.ជ.ប”។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ គ.ជ.ប​ បានឱ្យដឹងថា​ ដំណើរការបោះឆ្នោត​ បានប្រព្រឹត្តទៅចាប់ពីម៉ោង​ ៧​ព្រឹក​ រហូតដល់ម៉ោង ៣រសៀល ទោះបីមានភ្លៀងនៅតាមរាជធានី ខេត្ត មួយចំនួនយ៉ាងណាក៏ដោយ ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត​ បានប្រព្រឹត្តទៅជាប្រក្រតីតាមនីតិវិធី​ ហេីយអ្នកបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស ចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់៕

To Top