ព័ត៌មានជាតិ

មេដឹកនាំចិន​បញ្ជាក់ពីការបង្កើនការដឹកនាំ ផ្នែកនយោបាយទ្វេភាគី ជាមួយកម្ពុជា

រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ៖ ដើម្បីអបអរសាទរ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ ដោយសម្តេច ហ៊ុន សែន បានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនីស្តចិន បានប្រកាសថា រីករាយបង្កើនការដឹកនាំ ផ្នែកនយោបាយទ្វេភាគី ជាមួយកម្ពុជា។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា ។

តាមរយៈសារលិខិតអបអរសាទរ ជូនចំពោះសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ស៊ី ជីនពីង Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនរីករាយមើលឃើញថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នយោបាយប្រទេសកម្ពុជា មានស្ថិរភាព សេដ្ឋកិច្ចមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជន កាន់តែប្រសើរឡើង ឋានៈអន្តរជាតិ និងក្នុងតំបន់ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។

លោក ស៊ី ជីនពីង បន្តថា ប្រទេសចិននឹងគាំទ្រប្រទេសកម្ពុជា ដើរតាមផ្លូវអភិវឌ្ឍន៍ ដែលស្របតាមស្ថានភាព របស់ប្រទេសកម្ពុជាជាប់រហូត ជឿជាក់ថា ក្រោមការដឹកនាំយ៉ាងមុតមាំ របស់សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នឹងរួមចំណែកថ្មីកាន់តែច្រើន ដល់វិបុលភាពជាតិនិងសុភមង្គល របស់ប្រជាជន ក៏ដូចជាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍវិបុលភាព ក្នុងតំបន់។

លោក ស៊ី ជីនពីង (Xi Jinping) បានគូសបញ្ជាក់ទៀតថា «ប្រទេសចិននិងកម្ពុជា គឺជាសហគមន៍រួមវាសនាតែមួយ បក្សកុម្មុយនីស្តចិន យកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ជាមេត្រីភាព ជាមួយគណបក្សប្រជាជនកម្ពុជា»។

លោករីករាយ រួមជាមួយសម្តេច ហ៊ុន សែន បង្កើនការដឹកនាំផ្នែកនយោបាយ នៃទំនាក់ទំនងទ្វេភាគី ធ្វើឱ្យស៊ីជម្រៅនូវ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនិងវិស័យនានា ពួតដៃគ្នា កសាងសហគមន៍រួមវាសនា រវាងចិននិងកម្ពុជា ក្នុងយុគសម័យថ្មី ដែលប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើន ដល់ប្រជាជននិងប្រទេសទាំងពីរ ៕

To Top