ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី អាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ដ្រីថ្មី នឹងចុះជួបកម្មករ

រូបភាព៖ តេឡេក្រាមសម្តេចតេជោ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ដែលស្ថិតនៅក្នុងដំណាក់ នាយករដ្ឋមន្ត្រីចាំផ្ទះ បានលើកឡើង ក្រោយបង្កើត រាជរដ្ឋាភិបាលថ្មី អាចមានលទ្ធភាពខ្ពស់បំផុតដោយមាននាយករដ្ឋមន្ដ្រីថ្មី នឹងចុះសួរសុខទុក្ខចំពោះកម្មករ-កម្មការិនី ។

សម្តេចលើកឡើងបែបនេះ ក្នុងឱកាសចេញសារសុំទោស កម្មករ-កម្មការិនី ដែលមិនបានចុះជួបសំណេះសំណាល ដូចការតាមសន្យា នៅក្រោយថ្ងៃបោះឆ្នោត នាថ្ងៃ២៧ កក្កដា ប៉ុន្តែមិនអាចចុះទៅជួបពួកគាត់បាន។

យោងតាមសារសំឡេង របស់សម្តេចតេជោ នៅថ្ងៃ២៦ កក្កដា បានលើកឡើងថា កាលពីមុនបោះឆ្នោត នឹងចុះជួបកម្មករ ១០គោលដៅ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត «ប៉ុន្តែដោយសារ តែពេលវេលា និងកក្តាទិដ្ឋភាព នៃការរៀបចំរាជរដ្ឋាភិបាលថ្មី គឺកិច្ចនេះខ្ញុំសុំអភ័យចំពោះកម្មករ-កម្មការិនី ទាំងអស់ចំពោះការសន្យា ប៉ុន្តែត្រូវលើកពេល ទៅក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី»។

សម្តេចតេជោបានលើកឡើងថា នៅក្នុងដំណាក់កាលនេះ ស្ថិតក្នុងជារដ្ឋាភិបាលចាំផ្ទះ អីចឹងមិនអាចចុះជួបបាន ។ សម្តេចបញ្ជាក់ថា “ខ្ញុំចង់ឲ្យអ្វីៗបានកើតឡើងនូវដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មីដែលនឹងត្រូវទៅជួបចំពោះក្មួយៗ កូនៗ ចៅៗជាកម្មករ-កម្មការិនីទាំងអស់ ។ ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយបង្កើត រាជរដ្ឋាភិបាលថ្មីដែល នឹងអាចមានលទ្ធភាពខ្ពស់ បំផុតមាន នាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខ ចំពោះកម្មករ-កម្មការិនី របស់យើងជំនួសនាយករដ្ឋមន្ត្រីចាស់ តែនេះជាលទ្ធភាពនៃការកើតឡើង នូវរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី”។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថា «ខ្ញុំមិនទៅណាទេ ហើយខ្ញុំនឹងធ្វើការបកស្រាយ ចំពោះបញ្ហានេះនៅថ្ងៃទី៣ ខែសីហាខាងមុខនេះ នៅក្នុងពេលសម្ពោធផ្លូវ ខ្សែក្រវ៉ាត់ក្រុង ។ ខ្ញុំនឹងនិយាយនៅពេលនោះ ប៉ុន្តែខ្ញុំចាំបាច់ចេញសារ មុនដែលតាមគម្រោង ខ្ញុំនឹងចេញទៅជួបកម្មករ-កម្មការិនីនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ ប៉ុន្តែត្រូវបានអាក់ខាន និងត្រូវបានលើកពេល។ សូមក្មួយៗកូនៗ ចៅៗជាកម្មករ-កម្មការិនីយោគយល់»៕

To Top