ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចិន ដែលបានហៅទូរស័ព្ទ និងផ្ញើសារជូនពរសម្តេច ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតកាន់អំណាច នៅអាណត្តិថ្មី។
តាមរយៈTwitter ផ្លូវការនៅយប់ថ្ងៃទី២៦ ខែកក្កដា សម្តេចតេជោបានលើកឡើងថា៖ “ខ្ញុំសូមអរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣ ។ ទោះបីលទ្ធផលផ្លូវការ មិនទាន់បានប្រកាស តែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាព ស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជា ចាត់តាំងការបោះឆ្នោត បានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ។ ខ្ញុំក៏សូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្ញើសារលិខិតមកជូនពរ ខ្ញុំក៏ដូចជាគណបក្សប្រជាជន សម្រាប់ជោគជ័យ នៃការបោះឆ្នោត”៕

