ភ្នំពេញ ៖ ក្រោយពីបានបើកការដ្ឋាន សាងសង់ កាលពីដើមឆ្នាំ២០២០រួចមក អាកាសយានដ្ឋាន អន្ដរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប គ្រោងដាក់ឲ្យដំណើរ ការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ ។
តាមរយៈសេចក្ដីជូនដំណឹង របស់អាកាសចរស៊ីវិល ចេញផ្សាយនាពេលថ្មីៗនេះ គូសបញ្ជាក់ថា «អាកាសយានដ្ឋានអន្ដរជាតិថ្មី ដែលមានទីស្ថិត នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) និងគ្រោងដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ»។
អាកាសចរស៊ីវិលបន្ដថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ គ្រប់ជើងហោះហើរ អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និង ទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការ ហោះហើរ នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។
ជាមួយគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏នឹងរៀបចំជើងហោះហើរ សាកល្បងមួយចំនួន តាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥-១៥ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4E មានផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាព ឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ ។ អាកាសយានដ្ឋាន មានចំណតយន្តហោះរហូតដល់ទៅ៣៨ ។ អាកាសយានដ្ឋាននេះ អាចមានសមត្ថភាពទទួលអ្នកដំណើរ ប្រមាណ៧លាននាក់ ក្នុងមួយឆ្នាំ ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរ ដល់១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរ បានរហូតដល់២០លាននាក់ នៅក្នុងមួយឆ្នាំ ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd(AIAI) នៅលើផ្ទៃដី ៧០០,០៦ ហិកតា មានទុនវិនិយោគប្រមាណ៨៨០លានដុល្លារ និងបានបើកការដ្ឋាន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០៕