ព័ត៌មានជាតិ

ឧត្តម​សេនីយ៍​ឯក​ ម៉ឹង​ កុម្ភៈ ប្រកាសគាំទ្រ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ឧត្តម​សេនីយ៍​ឯក​ ម៉ឹង​ កុម្ភៈ​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ សូមប្រកាសគាំទ្រ ចំពោះប្រសាសន៍ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង ក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ហើយសម្តេចតេជោ ហ៊ុន សែន និងកាន់តំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងដើរតួនាទី ជាប្រមុខរដ្ឋស្ដីទី នៅពេលអវត្តមាន ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សា រាជសម្បត្តិផងដែរ។

ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការឈប់ពីតួនាទី នាយករដ្ឋមន្តី ក្នុងពេលនេះ គឺជាការលះបង់ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបាននូវសេចក្តីសុខសាន្ត របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការលះបង់នាពេលនេះ ក៏មិនខុសពីការលះបង់ ក្នុងពេលកន្លងមក របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបង្ហាញតាម រយៈឧត្តមភាព ដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិ និងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរ ឱ្យមានការអភិវឌ្ឍ ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាព ពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យប្រជាជន រស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកុលបុត្រដ៏ឆ្នើមរបស់កម្ពុជា និងពិតជាបេក្ខជនដែលសក្តិសមបំផុតក្នុងការទទួលតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តគម្រូភាពដ៏អស្ចារ្យរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការថែរក្សា ការពារសន្តិភាព និងសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាង និងបន្សល់ទុកដល់ជាតិមាតុភូមិ និងប្រជាជន។ ប្រជាជនកម្ពុជាគ្រប់រូប នឹងរង់ចាំជាប់ក្នុងចិត្តជានិច្ចនូវគុណបណាច់ នៃគម្រូវីរភាពរបស់ សម្ដេចតេជោ ហ៊ុនសែន និងប្ដេជ្ញាគាំទ្រ ចូលរួមដង្ហែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជានិរន្ត៕

To Top