ឥណ្ឌូណេស៊ី ៖ ក្រោមការចាត់តាំងរបស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម មន្ត្រីជំនាញ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំគណៈកម្មការអាស៊ាន លើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ លើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ JW Marriott Hotel Jakarta នៅទីក្រុងហ្សារកាតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
កិច្ចប្រជុំគណៈកម្មការអាស៊ាន លើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០១៨-២០២៥ ក្នុងការអនុវត្តឯកច្ឆន្ទភាពអាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍។
ក្នុងឱកាសនេះផងដែរ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានចប់អាណត្តិនៃគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ បានធ្វើបច្ចុប្បន្នភាពទៅលើវេទិកាអាស៊ានស្តីពី ទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមប្រធានបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់”។ ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជំនាញ ប.ស.ស. ក៏បានចូលរួមធ្វើបទបង្ហាញអំពីការរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពី ចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ ដោយមានការគាំទ្រពីបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ផងដែរ។
សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងហត្ថពលកម្មនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងអាណត្តិជាប្រធាននៃកិច្ចប្រជុំគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ដោយមានការចូលរួមពី លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ស្ថានបេសកកម្មកាណាដាប្រចាំអាស៊ាន ស្ថានបេសកកម្មអូស្ត្រាលីប្រចាំអាស៊ាន គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ាន សហរដ្ឋអាមេរិក ប្រទេសស៊ុយអែត ប្រទេសស្វីស និងជនបង្គោលនៃគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍នៃបណ្តារដ្ឋសមាជិកអាស៊ាន សរុបប្រមាណ ៦០នាក់។






