កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវរួមគ្នាឲ្យបាន ក្នុងការបង្ក្រាបបទល្មើសនានា និងអនុវត្ត ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ។
លោកអភិបាលខេត្ត បានណែនាំដូច្នេះ
នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ ថោយមានការចូលរួមពីអង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទាំង ១០។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នៅក្នុងកំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោតអាចមានក្រុមទុច្ចរិត ឬពួកឆ្លៀតឱកាស បានបង្កើតជាបទល្មើសផ្សេងៗ ក្រោមរូបភាពប្រជាពលរដ្ឋ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន គឺចំពេលដែលគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ កំពុងជាប់រវល់ក្នុងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ។
ដូច្នេះបច្ចុប្បន្ន ក្នុងពេលដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលជាផ្លូវការ និងមិនទាន់បង្កើតរដ្ឋាភិបាលថ្មី សូមឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម ត្រូវធានាឲ្យបានក្នុងការគ្រប់គ្រង ការបង្ក្រាបនូវបទល្មើសនានា ហើយត្រូវបន្តអនុវត្តនូវគោលការណែនាំពីមុនដែលមាន ទាំងគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ទាំងគោលការរបស់អគ្គស្នងការនគរបាលជាតិ ទាំងគោលការរបស់អាវុធហត្ថលើផ្ទៃប្រទេសជាដើម សំដៅទប់ស្កាត់រាល់បទល្មើសនានា ជាពិសេស គឺរួមគ្នាអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបន្តទៀត ៕ By. Kizona