ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងក្រើនរំលឹក ដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរព ក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែក វេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ។
ការថ្លែងលើកឡើង របស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
ពិធីនេះក៏មានការចូលរួម ពីលោកអភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិតគុជ សុីថា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងលោក លោកស្រី ជាអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីសុខាភិបាល ប្រមាណជាង៥៦០នាក់ ។
បន្ថែមលើសពីនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ប័ណ្ណសរសើរជូនមន្ត្រីសុខាភិបាល នាឱកាសនេះ គឺពិតជាសរបញ្ជាក់ឲ្យឃើញ ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះលោក លោកស្រី ជាក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារប្រកបដោយគុណតម្លៃ និង ស្នាដៃល្អប្រសើរជូនជាតិមាតុភូមិ ជាពិសេសនៅក្នុងកិច្ចការ ប្រតិបត្តិការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។
លោកម៉ែន វិបុលបានថ្លែងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ ក្នុងការងារ ជាពិសេសគឺការគោរពម៉ោង ពេលបម្រើការងារនៅ តាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ ថែរក្សាបរិស្ថានអនាម័យឲ្យបានស្អាតល្អទាំងនៅក្នុង និងក្រៅបរិវេណមន្ទីរពេទ្យ។
២-សំណូមពរដល់ក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យដោយត្រូវប្រើឥរិយាបទ និងពាក្យសំដីឲ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត ។
៣-ត្រូវបន្តខិតខំលុបបំបាត់ ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសអ្នករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត ដែលជាមូលហេតុ អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងឈានទៅដល់ប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋ ។
៤-ត្រូវយកចិត្តទុកដាក់ខ្ពស់ ពង្រឹងការអនុវត្តការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសក្នុង ការអនុវត្តគោលនយោបាយគាំពារ សង្គមផ្សេងៗ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាងកម្មវិធីមូលនិធិសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ និងកម្មករ កម្មការិនី ជាដើម ។
៥-ត្រូវខិតខំ និងយកចិត្តទុក ដាក់ពង្រឹងបន្ថែមនូវសមត្ថភាពជំនាញ ដល់មន្ត្រីសុខាភិបាល ទាំងសមត្ថភាពជំនាញធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ តាមរយៈការ បណ្តុះបណ្តាល បឋមមុនពេលចូលបម្រើការងារ និងធ្វើវិក្រឹត្យការ បន្ថែមនៅពេលបម្រើការងារ ជាពិសេស ការពង្រឹង ធនធានមនុស្សនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀក នឹងប្រជាពលរដ្ឋជាងគេ។
៦-ត្រូវរៀបចំផែនការ ពង្រាយបុគ្គលិក និងមានយន្តការលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាល ជាពិសេសនៅតាមទីជនបទដាច់ស្រយាល ដើម្បីធានាថាធនធានមនុស្ស គ្រប់កម្រិតបច្ចេកទេស សម្រាប់បម្រើវិស័យ សុខាភិបាលក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាពមាន នៅគ្រប់លំដាប់បណ្តាញ សុខាភិបាល ទាំងទីប្រជុំជន និងជនបទ ។
៧-ត្រូវបន្តយកចិត្តទុកដាក់ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ៕