ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ប្រារព្ធពិធីវេរទៀនវស្សា និងទ័យវត្ថុ ប្រគេនព្រះសង្ឃ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការការស្តីទី​កងទ័ពជេីងគោក​ មេបញ្ជាការកងពលតូចលេខ៧០ នាព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣​ នៅទីបញ្ជាការកងពលតូចលេខ៧០ បានប្រារព្ធពិធីវេរប្រគេន ដល់ព្រះសង្ឃនូវទៀនវស្សា និងទ័យវត្ថុដែលគង់ចាំព្រះវស្សាចំនួន ០៥វត្ត ។ 

ក្នុងនោះវត្តទាំង៥រួមមាន៖

-​ វត្តជម្ពូវ័ន​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ

– វត្តជន្លង់ម្លូ ខណ្ឌកំបូល រាជធានីភ្នំពេញ

– វត្តស្វាយផ្អែម ខណ្ឌកំបូល រាជធានីភ្នំពេញ 

– វត្តអង្គតាគៀត​ ខណ្ឌកំបូល រាជធានីភ្នំពេញ 

-​ វត្តព្រៃស្ពឺ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំេពញ

សូមជម្រាបថា​ តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិ ឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សា មានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។

ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទានព្រះវស្សា ឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទានមានដោតអំបោះឆៅជាប្រឆេះ ហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញ ហើយចាក់ក្រមួន ឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួន ហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទាននោះឆេះជាប់ដរាបគ្រប់ ៣ខែ៕

To Top