ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យកម្លាំងចំណុះ ទាំងអស់ត្រូវគោរពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ កក្កដា លើកទិសដៅអនុវត្តបន្ត និងចែកលិខិតថ្លែងអំណរគុណ ដល់កងកម្លាំង ក្នុងការបំពេញការងារបានល្អកន្លងមក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ៦ចំនុចដូចខាងក្រោម៖
១-ជម្រុញដល់កម្លាំងជំនាញ ការងារសន្តិសុខ បន្តយកចិត្តទុកដាក់ លើសកម្មភាពអសន្តិសុខ និងក្តាប់មុខសញ្ញាចាស់ថ្មី
២- រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រប់គ្រងសម្ភារៈរថយន្ត របស់នគរបាលដែលមានស្លាកលេខនគរបាលឱ្យបានល្អ
៣-ពង្រឹងទប់ស្កាត់ ការពារសន្តិសុខ នៅតាមបន្ទាត់ព្រំដែន
៤-បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ
៥-ពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានល្អជានិច្ច និងត្រៀម សម្ភារៈ មធ្យោបាយ ឧបករណ៍ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង បានទាន់ពេលវេលាក្នុងហេតុការណាមួយ
៦-កម្លាំងទាំងអស់ត្រូវគោរពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ៕