ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចលនាឲ្យអាជ្ញាធរ និងពលរដ្ឋ ក្នុងផ្ទះមួយ ដាំដើមឈើឲ្យបានមួយដើម

កំពង់ចាម ៖ ក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅអនុវិទ្យាល័យអន្លង់អក ក្នុងភូមិអន្លង់អកកើត ឃុំសូគង ស្រុកកងមាស នាព្រឹកថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២៣ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចលនាឱ្យអាជ្ញាធរ ដែនដីក៏ដូចជាប្រជាពលរដ្ឋ ចូលរួមស្រឡាញ់ និងនាំគ្នាដាំដើមឈើ តាមមុខផ្ទះឲ្យបានគ្រប់គ្នា ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ក្នុងការរក្សានូវលំនឹងបរិស្ថានច្រើនដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ខខ្យល់អាកាស ផ្ដល់ផល អនុផលព្រៃឈើសំរាប់ប្រើប្រាស់ រក្សាជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្ដចំពោះសត្វគ្រប់ប្រភេទដែលមានជីវិតនៅលើភពផែនដីយើងនេះ ។

យ៉ាងណាម៉ិញការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហា ដែលបង្កឲ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើងនូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពនៃការកាប់ឆ្ការ រានទន្ទ្រានយកដីព្រៃឈើ ព្រៃលិចទឹក ដែលជាជម្រកមច្ឆាជាតិ ដើម្បីដាំដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗ ដោយមិនបានពិចារណាវែងឆ្ងាយ និងពុំអនុវត្តទៅតាមក្បួនខ្នា បច្ចេកទេស ជាហេតុចម្បងនាំឲ្យវិនាសហិនហោចធនធានធម្មជាតិ បាត់បង់មុខងារព្រៃឈើ ដែលមានប្រយោជន៍មួយចំនួនដូចបានរៀបរាប់ខាងលើ ៕ By. Kizona

To Top