ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្អែក។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។
ក្នុងកិច្ចប្រជុំ របស់ គ.ជ.ប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ របាយការណ៍ ស្តីពីការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) វិសោធនកម្មប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ (វិសោធនកម្ម ចំណុចទី២១-២៧) និង សេចក្តីព្រាងសេចក្តីសម្រេ ចស្តីពីការប្រកាសផ្សាយ លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និង ពិភាក្សាយ៉ាងល្អិតល្អន់ លើឯកសារម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចជា៖ ទី១-ឯកភាពជាគោលការណ៍ លើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣ ,ទី២-ឯកភាពលើប្រតិទិន សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ (វិសោធនកម្ម ចំណុចទី២១-២៧) និងទី៣-ឯកភាពលើសេចក្តី សម្រេចស្តីពី ការប្រកាសផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
តាមការសម្រេច របស់អង្គប្រជុំ គ.ជ.ប បានគូសបញ្ជាក់ថា «គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣»។
នាឱកាសនោះ លោកប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញ ប្រមូលឲ្យបានឆាប់របាយការណ៍ និងអនុសាសន៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានមកសង្កេត មើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕