ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ មន្ដ្រីពន្ធនាគារ

រូបភាពពី៖​ អេង ប៊ូឆេង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ។

សម្ដេច ស ខេង បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃឲ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។ សម្ដេចក៏បានថ្លែងអំណរគុណ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើការសិក្សាសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបពីដំណើរការ នៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលថា យោងតាមមាត្រាទី៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃ បានចែកថា មន្ដ្រីពន្ធនាគារត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារឲ្យបានសមស្រប ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ហើយក្រសួងបានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

លោកបន្ដថា អនុក្រឹត្យនេះ បានអនុវត្តអស់រយៈពេលជាង៨ឆ្នាំមកហើយ។ លោករំលឹកថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសសម្ដេច ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានផ្ដល់អនុសាស្ដ្រឲ្យពិនិត្យ និងសិក្សាអំពីឯកសណ្ឋាន ពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារ ដើម្បីកុំឲ្យច្រឡំពណ៌ឯកសណ្ឋាន មន្ដ្រីនគរបាលជាតិ។ ទើបអគ្គនាយកដ្ឋានពន្ធនាគារ បានបង្កើតក្រុមការងារមួយ ដើម្បីរៀបចំសេចក្ដីព្រាងកែសម្រួលអនុក្រឹត្យ ស្ដីពីពណ៌ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ៕

To Top