ព័ត៌មានជាតិ

សាច់ក្រួចបង្កក ជាង២តោន ត្រូវបានមន្ត្រីជំនាញ ដកហូតយកដុតកម្ទេចចោល

រូបភាព អគ្គនាយកដ្ឋាន ក ប ប

ភ្នំពេញ ៖ សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្រួចបង្កក(Frozen Quail)ចំនួន ២,២០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

តាមលទ្ធផល នៃការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ទទួលបានលទ្ធផលដូចខាងក្រោម ៖ រកឃើញទំនិញសាច់ក្រួច បង្កកទាំងនោះ ពុំមានប្រភពច្បាស់លាស់ គ្មានវិញ្ញាបនបត្រ បញ្ជាក់គុណភាព នៃប្រទេសនាំចេញ , ការវេចខ្ចប់ និងដឹកជញ្ជូនពុំបានត្រឹមត្រូវ , ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាព ពុំត្រឹមត្រូវ) នាំឲ្យសាច់ប្រែប្រួល បាត់បង់គុណភាព និងសាច់បង្កកទាំងនោះ ពុំមានសារធាតុគីមីហាមឃាត់នោះទេ។

យោងតាមលទ្ធផល នៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័ន បានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោល នូវសាច់ក្រួចបង្កកទាំង ២,២០០គ.កនោះ ដើម្បីកុំឲ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ជាយថាហេតុ ៕

To Top