ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលប្រាព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តដែលជាគំនិតផ្តួចផ្តើមសាងសង់ដោយ លោក កែ ស៊ីនួន និងមានការគាំទ្រពីសម្តេច ស ខេង។
អភិបាលខេត្តបន្ដថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសាងសង់លើផ្ទៃដីទំហំ១៥ហិកតា ចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ អស់រយៈពេល៦ខែ ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន២ខ្នង អគារមានបន្ទប់ដាច់ដោយឡែកចំនួន២៣បន្ទប់ អាចទទួលអតិថិជនអ្នកញៀនគ្រឿងញៀនស្នាក់នៅបានចំនួន៤០០នាក់ទៅ៥០០នាក់។

លោកបន្ថែមថា ក្រៅពីនេះនៅមានអគារបន្សាបព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អគារ (បន្ទប់ផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម)។ ក្នុងទីធ្លាមជ្ឈមណ្ឌលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវចាក់បេតុង ដាំស្មៅ កន្លែងហាត់កីឡា តារាងបាល់ ទាត់ បាល់បោះ បាល់ទះជាដើម។ លើសពីនេះ មជ្ឈមណ្ឌលមានគម្រោងសាងសង់អគារស្នាក់នៅបន្ថែមទៀត បើមានតម្រូវការអតិថិជនជាជនរងគ្រោះដោយសារគ្រឿងញៀនមកទទួលសេវាព្យាបាល៕
