ភ្នំពេញ ៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃកម្ពុជា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្ដស្វាយដង្គុំ បានបួសរៀនខាងសាសនាប្រមាណជា៣៣វស្សា បានសុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរម្យងារ សម្តេចព្រះមហាអរិយវង្ស និងសម្រេចលាចាកសិក្ខាបទ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២ សីហានេះ ព្រះអង្គគ្រូ ជួន កក្កដា បានសរសេរថា «លើកទី១ហើយដែលមានគោរម្យងារជាសម្តេច (សម្តេចព្រះមហាអរិយវង្ស) លាចាកសិក្ខាបទ។ មិនមានពាក្យអ្វីត្រូវនិយាយទេ មានតែពាក្យជូនពរលោកគ្រូបណ្ឌិត ឃី សុវណ្ណរតនា មានសំណាងល្អ និងជោគជ័យក្នុងដំណើរជីវិតថ្មីនេះ» ។
ជាមួយគ្នានោះ តាមរយៈលិខិតទូលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត នាថ្ងៃទី២ សីហា ព្រះអង្គគ្រូ ឃី សុវណ្ណរតនាបានស្នើសុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរម្យងារ «សម្តេចព្រះមហាអរិយវង្ស» ។
ក្នុងលិខិតនោះព្រះអង្គគ្រូ ឃី សុវណ្ណរតនា បានបញ្ជាក់ថា ទូលព្រះបង្គំបានសាងព្រះផ្នួសបួសជាបព្វជិតអស់៣៣វស្សា និងបានរួមចំណែកកសាង និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា តាមរយៈស្ថាប័នសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយកនៃកម្ពុជា និងវិស័យពុទ្ធិកសិក្សា ព្រមទាំងចូលរួមជួយកិច្ចការសង្គមតាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន ដែលមានរយៈពេល២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ។
ព្រះអង្គគូសបញ្ជាក់ថា «នាពេលបច្ចុប្បន្ននេះ ទូលព្រះបង្គំ មានភាពនឿយណាយអស់និស្ស័យក្នុងព្រះផ្នួស ហើយមានបំណងចូលរួម ចំណែកបម្រើសង្គមជាតិក្នុងភាពជាឃរាវាសតទៅទៀត» ៕